Uncategorized

ន័យ​ អនិច្ចធម៌


ធម៌ អនិច្ចា ជា​ធម៌​ដែល​អាច​​ពិសោធន៍​ឃើញ​​នៅ​ថ្នាក់​បដិបត្តិ​កម្រិត​ខ្ពស់, ប៉ុន្តែ​បច្ចុប្បន្ន ត្រូវ​បាន​យក​មក​ប្រើ​ខុស​ន័យ, ដូចជា​ការប្រើ​ចំពោះ​ភាព​មិន​ទៀង​នៃ​អាយុ​​ជីវិត, កើត, ស្លាប់ ជាដើម។ ន័យ​ពិតប្រាកដ ដែល​ព្រះពុទ្ធ​ទ្រង់​ផ្ដល់​ឲ្យ គឺ​ការពិសោធន៍​ឃើញ ភាព​មិន​ទៀង​នៃ​សភាវធម៌​ខាង​ក្នុង ​រវាង​កាយ និង ចិត្ត ដែល​ហៅ​ថា សង្ខារ។ ដូច​ក្នុង​ព្រះ​គាថា «អនិច្ចា វត សង្ខារា ឧប្បាទវយធម្មិនោ ឧប្បជ្ជិត្វា និរុជ្ឈន្តិ តេសំ ​វូបសុមោ សុខោ» ដែល​មាន​ន័យ​ថា សង្ខារធម៌​ទាំងឡាយ មាន​សភាព​មិន​ទៀង, វា​កើត​រលត់ កើត​រលត់, កាល​ណា​បើ​អ្នក​បដិបត្តិ បាន​ឃើញ​សភាព​មិន​ទៀង​យ៉ាង​នេះ គឺ​ឃើញ​អនិច្ចា សេចក្ដី​ប្រកាន់​ថា​ជា​ខ្លួន ជា​របស់​ខ្លួន ​ក៏​អស់​ទៅ, ហើយ​គេ​នឹង​បាន​សេចក្ដី​សុខ​ពេញ​បរិបូណ៌ គឺ​ព្រះ​និព្វាន។ ដូច្នេះ អនិច្ចាធម៌ អាច​ពិសោធន៍​ឃើញ​តែ​ក្នុង​ថ្នាក់​បដិបត្តិ​វិបស្សនា មិន​អាច​ឃើញ ឬ យល់​ដោយ​ការស្ដាប់ ការអាន ឬ ដោយ​ការត្រិះរិះ​ពិចារណា​ទេ។

កំណាព្យ, ទឹម បឿន, Uncategorized

គ្មាន​ផ្កា​ឲ្យ​អូន


ថ្ងៃនេះគឺថ្ងៃបុណ្យស្នេហា
អូនប៉ងប្រាថ្នាផ្កាពីប្ដី
តិចតួចឬច្រើនក៏មិនថ្វី
បញ្ជាក់ថាប្ដី គិតដល់អូន។

រំពឹងពីព្រឹក ដល់ថ្ងៃត្រង់
គិតថាបងចង់ surprise ស្ងួន
ច្បាស់ជាលោកប្ដីលាក់បំពួន
ដល់ពេល នឹមនួនយកជូនស្រី។

រសៀលទល់ល្ងាចមិនទាន់ឃើញ
រង់ចាំលុះដល់ពេលរាត្រី
អូនងងុយគេងហើយលោកប្ដី
ម្ដេចក៏ប្រុសថ្លៃសំងំស្ងៀម។

សង្ស័យប្រហែលមិនដូចគិត
លោកប្រុសស្នេហ៍ស្និទ្ធមិនបានត្រៀម
អូនអន្ទះសាស្ទើរស្រក់ឈាម
បងសម្ងំស្ងៀមមិនចេញស្ដី។

ហេតុអ្វីក៏បងធ្វើដូច្នេះ
ឬក៏ពេលនេះ ប្រែចិត្តថ្មី
បងប្លែកខុសមុនហើយចរណៃ
ឱ!ទឹកភ្នែកស្រី ហូរមកហើយ។

មិនចង់ឲ្យបងឃើញអូនយំ
តែទប់មិនយំលែងបានហើយ
បណ្ដោយតាមចិត្តចុះលោកអើយ
យំហើយ និយាយឲ្យអស់ម្ដង។

“ម្ដេចបងមិនគិតដល់រូបអូន
ម្ដេចស្ងួនមិនមើលគូគេផង
ម្ដេចក៏មិនដឹងពីបំណង
ម្ដេចបងមិនទិញផ្កាជូនអូន!”

“នេះឬបងថាស្រឡាញ់ស្រី
តើស្មោះនឹងស្រី ឬលាក់ពួន
មានស្រីខាងក្រៅ ចោលរូបអូន
ប្រាប់ត្រង់គង់អូនឲ្យបងទៅ!”

លោកប្ដីតបថា “អូនសម្លាញ់!
ម្ដេចក៏ខឹងប្ដីដូច្នេះពៅ
ឲ្យឈប់ស្នេហ៍អូនម្ដេចបានទៅ
បើពៅអូនល្អដូច្នេះថ្លៃ។”

“មើលចុះទឹកភ្នែកជោគភត្ត្រា
កុំខឹងបងណាពៅពីសី
ស្រឡាញ់អូនធំជាងផែនដី
ហេតុអ្វីអូនមិនដឹងចិត្តបង។”

“រាល់ថ្ងៃស្រឡាញ់អូនប៉ុណ្ណា
នឹកមើលជីវ៉ា ទឹកចិត្តបង
មិនមែនមួយឆ្នាំស្នេហាម្ដង
ស្នេហ៍បង បងស្នេហ៍រៀងរាល់ថ្ងៃ។”

“បងជូតទឹកភ្នែកណាម្ចាស់ចិត្ត
ក្នុងមួយជីវិតមានតែស្រី
មិនដែលគេចកែចិត្តរកថ្មី
យល់ឬនៅថ្លៃ ក្ដីស្នេហ៍បង?”

រៀបរាប់ប៉ុណ្ណឹងឲ្យអូនគិត
ថាគូជីវិតពិតស្នេហ៍ស្នង
មិនដែលភ្លាំងភ្លាត់ឲ្យខុសឆ្គង
អូនគិតរំលងព្រោះតែផ្កា។

ឥទ្ធិពលបុណ្យក្ដីស្រឡាញ់
មិនមែនសុទ្ធល្អសោះឯណា
អ្នកខ្លះរីករាយ ខ្លះឡាំប៉ា
ព្រោះតែប្រាថ្នាស្នេហ៍ភក្ដី។

មានផ្កាអត់ផ្កា មិនសំខាន់
សំខាន់ស្នេហ៍ស្មោះប្រពន្ធប្ដី
មិត្តភ័ក្ត្រពេបជ្រាយ មានទៅស្អី
ស្នេហាភក្ដី ជាមង្គល។

ដោយ ទឹម បឿន
១៥ កុម្ភៈ ២០១៧ ១:៤៧ យប់

ពុទ្ធសាសនា, សារព័ត៌មាន, សាសនា

ក្រុម​អ្នក​កាន់​សាសនា​មូស្លិម​​នៅ​បង់ក្លាដេស​​ដុត​បំផ្លាញ់​វត្ត​និង​ផ្ទះ​របស់​ពុទ្ធសាសនិក


ថ្ងៃ​អាទិត្យ​ទី ៣០ កក្កដា ២០១២, ក្រុម​អ្នក​កាន់​សាសនា​មូស្លិម​ បាន​ដុត​បំផ្លាញ​វត្ត​ព្រះពុទ្ធ​សាសនា និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ ដែល​កាន់​សាសនា​ព្រះពុទ្ធ​ នៅ​បង់ក្លាដេស ដើម្បី​តវ៉ា​ប្រឆាំង​​អំពី​ការបង្ហោះ​រូបភាព​នៃ​ការដុត​គម្ពីរ​កូអាន​នៅ​លើ​ Facebook ។ ការបង្ហោះ​នេះ ត្រូវ​បាន​គេ​ចោទ​ថា​ជា​របស់​ក្មេង​ប្រុស​ម្នាក់​ដែល​ជា​ពុទ្ធសាសនិក ប៉ុន្តែ​ក្មេង​ប្រុស​នោះ​បាន​បដិសេធ​ថា​ជា​រូប​ដែល​គេ tag មក​ឲ្យ មិន​មែន​ជា​រូបភាព​​ដែល​គាត់​បង្ហោះ​ខ្លួនឯង​ទេ ។ ក្រោយ​មក គណនេយ្យ​របស់​គាត់​ត្រូវ​បាន​លុប​ចោល​ពី Facebook ។

អំពើ​ហិង្សា​នេះ​បាន​កើត​ឡើង​នៅ​ទីក្រុង រ៉ាមូ​ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​រដ្ឋធានី ដាកា ហើយ​​រាលដាល​​ទៅ​តំបន់​ក្បែរៗ​នោះ ។

CNN ថា ផ្ទះ​​របស់​ពុទ្ធសាសនិក​ប្រហែល ៥០​ខ្នង, វត្ត​ចំនួន ៧ នៅ​ទីក្រុង រ៉ាមូ និង​វត្ត​ ៥​ នៅ​​​តំបន់​ផ្សេង​​​ទៀត​ត្រូវ​បាន​ដុត​បំផ្លាញ ។ ចំណែក​ចំនួន​អ្នក​របួស​នៅ​ពុំ​ទាន់​មាន​របាយការណ៍​ណា​បញ្ជាក់​នៅ​ឡើយ​ទេ ។

ករណី​នេះ រដ្ឋាភិបាល​បង់ក្លាដេស​នឹង​​រៀបចំ​គណកម្មាធិកា​ស៊ើបអង្កេត​ឲ្យ​ដឹង​អំពី​មូលហេតុ​ពិត​ប្រាកដ​ក្នុង​កំឡុង ១០​ថ្ងៃ ។ ចំណែក​លោក​រដ្ឋមន្ត្រី Mohiuddin Khan Alamgir បាន​ថ្កោល​ទោស​ចំពោះ​បក្ស​ប្រឆាំង​ “ជាតិ​និយម​បង់ក្លាដេស” ដោយ​ចោទ​ថា អំពើ​ហិង្សា​នេះ ​មាន​ការរៀបចំ​គម្រោង​ទុក​ជា​មុន និង​​បាន​រកឃើញ​ភស្តុតាង​មួយ​ចំនួន​នៅ​ក្នុង​ផ្ទះ​កើត​ហេតុ ។

ការដុត​គម្ពីរ​កូអាន ក៏​បាន​នាំ​ឲ្យ​​កើត​មាន​អំពើ​ហិង្សា​នៅ ប៉ាគីស្ថាន និង អាហ្វហ្គានីស្ថាន​ផង​ដែរ ។

ព័ត៌មាន​បន្ថែម៖ BBC, CNN

ចំណេះ​ដឹង, ទូទៅ, ពុទ្ធសាសនា

ហេតុ​ដែល​នាំ​ឲ្យ​សុបិន


ពេល​ដែល​ដេក​លក់​​មិន​​ស៊ប់​យើង​ក៏​មាន​ការយល់សប្ដិ ជួន​កាល​ការយល់សប្ដិ​ហ្នឹង​​​ច្បាស់ ជួន​កាល​មិន​​ច្បាស់ ។ ការយល់សប្ដិ​ជា​ការឃើញ​តាម​មនោទ្វារ មិន​ឃើញ​តាម​បញ្ចទ្វារ​ណា​មួយ​ដូច​ជា​ភ្នែក​​ត្រចៀក​​​ទេ ហើយ​​​​​ក៏​មាន​ផល​ខ្លះ​ដែរ មិន​​​ឥត​ផល​ទាំងអស់​ទេ បើ​យល់សប្ដិ​ក្នុង​រឿង​បុណ្យ ក៏​បាន​បុណ្យ​ខ្លះ បើ​យល់​សប្ដិ​ក្នុង​រឿង​បាប ក៏​បាន​បាបខ្លះ​ដែរ គ្រាន់តែ​​មិន​ច្រើន ។ ​ហេតុ​ដែល​នាំ​ឲ្យ​យល់សប្ដិ​នោះ​មាន​៤​យ៉ាង ។
១- ធាតុ​កម្រើក (គ្រុន​ក្ដៅ​ក៏​នាំ​ឲ្យ​យល់សប្ដិ, ហូប​អាហារ​ខុស ឈឺ​ពោះ​​​ក៏​យល់​សប្ដិ​ថា​ឈឺពោះ​ជា​ដើម)
២- អ្វី​ដែល​យើង​ធ្លាប់​ឃើញ ធ្លាប់​គិត ធ្លាប់​ឮ​គេ​ដំណាល (ធ្លាប់​នៅ​ស្រែ យល់សប្ដិ​ឃើញ​នៅ​ស្រែ​មែន​, ធ្លាប់​ឮ​គេ​ដំណាល​អំពី​រឿង​អ្វី​មួយ ក៏​យល់សប្ដិ​ឃើញ​​រឿង​នោះ​​ជា​ដើម)
៣- ទេវតា​បណ្ដាល​ប្រាប់ (ប្រាប់​ឲ្យ​ធ្វើ​យ៉ាង​នេះ​សុខ​សប្បាយ ធ្វើ​យ៉ាង​នោះ​មិន​សុខ​ជា​ដើម)
៤- កម្ម​មក​បណ្ដាល (​កម្ម​ដែល​ធ្លាប់​ធ្វើ ឬ​កម្ម​​ដែល​ធ្លាប់​សន្សំ​ពី​ជាតិ​កន្លង​មក​ហើយ បើ​ធ្វើ​រឿង​អាក្រក់​ច្រើន ក៏​យល់សប្ដិ​ឃើញ​រឿង​អាក្រក់)

ហេតុ​ទី​មួយ​​ និង​ទី​ពីរ​មិន​សូវ​ជា​ពិត​ទេ ។ ហេតុ​ទី​៣ មាន​ពិត​ខ្លះ​មិន​ពិត​ខ្លះ​ទៅ​តាម​ទេវតា​ល្អ ទេវតា​អាក្រក់​ដែល​មក​ប្រាប់ ។ ហេតុ​ទី​៤​​ដែល​បណ្ដាល​មក​ពី​កម្ម​ទើប​ពិត ប៉ុន្តែ​ពិត​តែ​សាច់​រឿង​ទេ បើ​ឲ្យ​ឃើញ​ដូច​ក្នុង​យល់សប្ដិ​ហ្នឹង​មិន​ពិត​ទេ គ្រាន់តែ​ផល​ឆ្លុះ​បញ្ចាំង​ទៅ​ខាង​ហ្នឹង ។

​អ្នក​ដែល​យល់សប្ដិ​មាន​បុថុជ្ជន (យល់សប្ដិ​ច្រើន) និង​បុគ្គល​ដែល​​​​ជា​អាណាគា​ចុះ​មក (យល់សប្ដិ​តិច) ចំពោះ​ព្រះ​អរហន្ត​​អត់​មាន​យល់សប្ដិ​ទេ ។ បុគ្គល​ដែល​ជា​បុថុជ្ជន​យល់សប្ដិ​ច្រើន​ព្រោះ​នៅ​មាន​កិលេស​ច្រើន គឺ​នៅ​មានសញ្ញាវិបល្លាស, ចិត្ត​វិបល្លាស, ទិដ្ឋវិបល្លាស

ការលើក​ឡើង​មក​នេះ គ្រាន់តែ​​ឲ្យ​ឃើញ​អំពី​ហេតុ​ដែល​នាំ​ឲ្យ​យល់សប្ដិ​ដែល​​វា​​​ពិត​ខ្លះ ​មិន​​ពិត​ខ្លះ មិន​មែន​ថា​ពិត​ទាំងអស់ ឬ​មិន​ពិត​ទាំង​អស់​ទេ ។

អក្សរសាស្ត្រ

ប្រើ​​សញ្ញា “អឌ្ឍចន្ទ” នឹង​​ពាក្យ​កំព្រា​


ពាក្យទោលជាស្រៈ ដែលឥតតួ ប្រកបហៅថា ពាក្យកំព្រា ដូចជា ក(កមនុស្សសត្វ), ង(ងស្ទើត), ល(លមើល), ស(សម្បុរស) ជាដើមនេះ អ្នកប្រាជ្ញជំនាន់មុនបានបង្កើតសញ្ញាថ្មីមួយហៅថា អឌ្ឍចន្ទ មានសណ្ឋានស្រដៀងចំណិតដូង ប៉ុន្តែផ្កាប់ () ប្រើដាក់ពីលើ ដូចជា ឈឺក៝, លើកដាក់លើក៝, ទូកង៝, ថាល៝មើល, រលឹបរល៝, កុកស៝ក៝, ដីស៝ កុំឲ្យច្រឡំក្នុងការអាន ប៉ុន្តែមិនបានជោគជ័យសញ្ញា អឌ្ឍចន្ទ នេះបាត់រូបទៅវិញ ។ បច្ចុប្បន្ន ស្មេរខាងកាសែត ទស្សនាវដ្ដី ឬខាងនិពន្ធផ្សេងៗមានការលំបាកក្នុងការសរសេរពាក្យកំព្រានេះក្នុងអត្ថបទរបស់ខ្លួន ព្រោះខ្លាចអ្នកអានច្រឡំ ស្មេរខ្លះបន្ថែមសញ្ញា () នៅខាងដើមពាក្យកំព្រានោះ ដើម្បីញែកពាក្យ ដូចជា បុរសម្នាក់ចង-ក សម្លាប់ខ្លួន ខ្លះសរសេរដកឃ្លា ប្រណាំងទូក ង នៅ… អ្នកខ្លះដែលមិនក្រវល់ក្រវាយច្រើន ក៏សរសេរជាប់គ្នាតាមធម្មតា ដូចជា គោសម្ដេចថាខ្មៅ ។ របៀបសរសេរដែលមិនទាន់ស្របគ្នាទាំងនេះ នៅបង្កការលំបាកចំពោះស្មេរ និង អ្នកអានខ្លះដែរ ។

ក្នុង និទានកថា របស់វចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ បញ្ជាក់ថា សញ្ញា អឌ្ឍចន្ទ ត្រូវបានលើកទុក ព្រោះវិនាសបាត់រូប បាត់ឈ្មោះ បើបង្កើតឲ្យមានរូបសណ្ឋានផ្សេងជាជំនួស សម្រាប់ប្រើដាក់លើ ពាក្យកំព្រា ទាំងប៉ុន្មាននោះក៏ពុំកើតដែរ ។

តាមពិតសញ្ញានេះ នៅមិនទាន់វិនាសបាត់សូន្យនៅឡើយទេ ដ្បិតសញ្ញានេះនៅមានលើក្ដារចុចរបស់យូនីកូដខ្មែរនៅឡើយ ។ ជាគំនិតរបស់ខ្ញុំ ប្រសិនបើយើងនាំគ្នាត្រឡប់មកប្រើសញ្ញា អឌ្ឍចន្ទ ឡើងវិញ ដោយពុំចាំបាច់ពិបាកក្នុងការបង្កើតសញ្ញាថ្មី វាជាការងាយស្រួល ព្រោះថាបើរង់ចាំទម្រាំអ្នកប្រាជ្ញណាមួយមានគំនិតក្នុងការបង្កើតថ្មីនោះ ក៏នឹងអាចរង់ចាំដល់រយៈពេលយូរ រាប់ជាច្រើនឆ្នាំតទៅមុខទៀតក៏មិនដឹង ។

ដើម្បីប្រើសញ្ញា អឌ្ឍចន្ទ ចុច Ctrl + Alt + w ឬចុច Alt ខាងស្ដាំ + w

ជំនឿ សាសនា, ពុទ្ធសាសនា

ទម្លាប់​ខុស​ឆ្គង​​របស់​ពុទ្ធសាសនិក​ក្នុង​ការបញ្ជូន​​កុសល​​​ចំពោះ​​ជីដូនជីតា


ពុទ្ធសាសនិក​ខ្មែរ​យើង​មាន​ទម្លាប់​មួយ​ខុស​ឆ្គង​យក​តែ​មែនទែន ហើយ​មិន​បាន​ដឹង​ថា​ខ្លួន​ធ្វើ​ខុស​​ទាល់តែ​​សោះ ។ ហេតុ​នេះ ខ្ញុំ​នឹង​លើក​យក​បញ្ហា​នេះ​មក​បង្ហាញ​ដើម្បី​​ឲ្យ​កាន់​តែ​យល់​ច្បាស់​អំពី​ព្រះពុទ្ធសាសនា​របស់​ខ្លួន ។

ដែល​ខ្ញុំ​ថា​ជា​ទង្វើ​ខុស​​នោះ​​គឺ​ខុស​ក្នុង​ពេល​យក​គ្រឿង​បង្សុកូល​ទៅ​វត្ត ពុទ្ធបរិស័ទ​តែង​ឲ្យ​លោក​អាចារ្យ​វេរ​​ដើម្បី​បញ្ជូន​គ្រឿង​បង្សុកូល​ទៅ​ដូនតា​ញាតិ​មិត្ត​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក ។ មួយ​ទៀត​លោក​តែង​ប្រគេន​ចង្ហាន់​​ដល់​​ព្រះសង្ឃ​ ពេល​ព្រះអង្គ​សូធ្យ​ កុសលា​ធម្មា អកុសលា​ធម្មា… ដោយ​​មាន​ច្រូច​ទឹក​ផង ។ ទម្លាប់​នេះ​មិន​ថា​តែ​ពុទ្ធបរិស័ទ​ទេ​ដែល​ធ្វើ​ខុស លោក​អាចារ្យ​ក៏​ធ្វើ​ខុស​ដូចគ្នា​ដែរ ដែល​ខុស​ភាគ​ច្រើន​នោះ គឺ​មក​អំពី​លោក​អាចារ្យ​ជា​អ្នក​ណែនាំ​នោះ​ឯង ។

តាម​ទម្លាប់ ពេល​ឮ​សំឡេង​ធម៌​ ​កុសលាធម្មា ចាស់ៗ​ឈូឆរ​នាំ​គ្នា​ប្រគេន​ចង្ហាន់​ ខ្លះ​ច្រូច​ទឹក​ អ្នក​ខ្លះ​មិន​បាន​ច្រូច​ដោយ​​ផ្ទាល់​ក៏​ត្រូវ​កាន់​ដៃ ឬ​ប៉ះ​ជើង​ត​គ្នា​ជាមួយ​​អ្នក​ដែល​បាន​កាន់​ទឹក​ច្រូច​នោះ សន្មត​​ថា​បាន​ច្រូច​ដែរ ។ ការ​ធ្វើ​បែប​នេះ​មិន​មែន​ជា​ការ​ត្រឹមត្រូវ​ទេ ដោយ​ត្រឹមត្រូវ​គឺ​គួរតែ​ត្រងត្រាប់​ស្ដាប់​ព្រះធម៌​​ដោយ​យក​ចិត្ត​ទុកដាក់ និង​ប្រកប​ដោយ​សទ្ធា​យ៉ាង​មុតមាំ​ចំពោះ​ព្រះធម៌​នោះ ។ ការ​ប្រគេន​ចង្ហាន់​ក្នុង​ពេល​ព្រះសង្ឃ​កំពុង​សូធ្យ ​ធ្វើ​ឲ្យ​គ្រប់​គ្នា​លែង​បាន​ស្ដាប់​ព្រះធម៌ ព្រះសង្ឃ​សូធ្យ​​តែ​ព្រះអង្គ​ឯង មិន​មាន​អ្នក​ស្ដាប់​ ហើយ​ព្រះសង្ឃ​​នោះ​ក៏​ត្រូវ​អាបត្តិ​ព្រោះ​សូធ្យ​ធម៌​អត់​អ្នក​ស្ដាប់​នោះ​ឯង ។

ដូច្នេះ​ការ​វេរ​ចង្ហាន់​តាម​អាចារ្យ ការ​ប្រគេន​ចង្ហាន់​ពេល​ព្រះសង្ឃ​កំពុង​សូធ្យ​នោះ​មិន​ត្រឹមត្រូវ ហើយ​មិន​បាន​​កុសល​​សោះ ។ ការធ្វើ​បុណ្យ​បាន​កុសល​​នោះ គឺ​ការ​ស្ដាប់​ធម៌​ដោយ​​សង្រួម,​ ដោយ​យក​ចិត្ត​ទុកដាក់ មិន​រំខាន​ដល់​ការសូធ្យ​ធម៌​របស់​ព្រះសង្ឃ មិន​រំខាន​ដល់​អ្នក​​ដទៃ​ក្នុង​ពេល​ព្រះសង្ឃ​សម្ដែង​ធម៌​ ។ ព្រោះ​អ្វី ? ព្រោះ​​​អាហារ​ដែល​ប្រគេន​ដល់​ព្រះសង្ឃ​មិន​អាច​ឲ្យ​អាហារ​ទាំង​នោះ​បាន​​ទៅ​ដល់​ដូនតា​ដោយ​អាហារ​ទាំង​​ដុំៗ​នោះ ឬ​បរិភោគ​អាហារ​ទាំង​នោះ​បាន​ឡើយ ។ ​យើង​បញ្ជូន​បាន​ត្រឹមតែ​កុសល​​ដែល​យើង​បាន​ធ្វើ​​ដោយ​អាហារ​ចំពោះ​ព្រះសង្ឃ និង​កុសល​ដែល​យើង​បាន​ត្រងត្រាប់​ស្ដាប់​នូវ​ព្រះធម៌​ប៉ុណ្ណោះ ។

ចុះ​អ្វី​ជា​​ប្រតិបត្តិ​​ត្រឹមត្រូវ ? គឺ​យើង​គួរ​ស្ដាប់​ធម៌​ដោយ​យក​ចិត្ត​ទុកដាក់​ ស្ដាប់​ចប់​សឹម​ក្រោក​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ ប្រគេន​រួច​ចាប់ផ្ដើម​ឧទ្ទិស​បុណ្យ​កុសល​​ដែល​យើង​បាន​ធ្វើ​​ដល់​ញាតិមិត្ត​ ដូនតា ទេព្ដា ​​ប្រេត អសុរកាយ​ និង​សត្វតិរច្ឆាន​ទាំងឡាយ, អ្នក​ទាំងឡាយ​នោះ​អនុមោទនា​យក​បុណ្យ​កុសល​ដែល​យើង​បាន​ធ្វើ​ដោយ​ពាក្យ​ថា​សាធុ​នោះ​​ហើយ ក៏​បាន​ទទួល​នូវ​ចំណែក​បុណ្យ​​ដែល​យើង​បាន​ធ្វើ​ទាំង​នោះ បុណ្យ​ទាំង​នោះ​ក៏​មិន​បាត់​បង់​អំពី​ខ្លួន​របស់​យើង​ ប៉ុន្តែ​ក៏​បាន​បុណ្យ​កុសល​ថែម​ទៀត​ព្រោះ​តែ​ចំណែក​បុណ្យ​ដែល​យើង​​បាន​ចែក​ឲ្យ​អ្នក​ទាំង​នោះ, នេះ​ទើប​ជា​ហេតុផល​ក្នុង​ព្រះពុទ្ធសាសនា ។

ហេតុនេះ​ហើយ យើង​ជា​ពុទ្ធសាសនិក ជា​អ្នក​ដែល​ជឿជាក់​លើ​ព្រះពុទ្ធសាសនា គួរ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គន្លង​ព្រះពុទ្ធសាសនា, គួរ​ស្គាល់​ព្រះពុទ្ធសាសនា​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់ កុំ​ឡូកឡំ​ជាមួយ​សាសនា​ដទៃ​​ដែល​មិន​សម​​ហេតុផល នេះ​ទើប​ហៅ​ថា​ជា​ពុទ្ធសាសនិក​ពិត​ប្រាកដ ។

ខ្ញុំ​បាន​សូម​លើក​យក​ហេតុផល​ខ្លីៗ​ត្រឹម​ប៉ុណ្ណេះ បើ​ការយល់​របស់​ខ្ញុំ​នៅ​មាន​ការខ្វះខាត សូម​លោកអ្នក​ដែល​មាន​ប្រាជ្ញា​ជួយ​កែតម្រូវ​​និង​បំពេញ​ដើម្បី​ជា​ការរួម​ចំណែក​លើក​កម្ពស់​ដល់​ព្រះពុទ្ធ​សាសនា​ដ៏​ល្អ​ផូរផង់​​​​នេះ ឲ្យ​បាន​គងវង់​យូរ​អង្វែង​តទៅ​អើយ ។

សៀវភៅ

និយាយ​អំពី​រឿង “ចង្កៀង​និទាន​រឿង​ខ្មោច”…


ប្រលោមលោក​រឿង “ចង្កៀង​និទាន​រឿង​ខ្មោច” ​ដែល​ជា​ស្នាដៃ​និពន្ធ​របស់ សុខ ចាន់ផល មាន​អ្នក​ខ្លះ​​ដំណាល​​ថា​ជា​រឿង​ខ្មោច ប៉ុន្តែ​មិន​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្លាច ជា​រឿង​បែប​កំប្លែង ចំណែក​ខ្ញុំ​យល់​ថា​​ជា​រឿង​របស់​មនុស្ស រឿង​រាប់​អំពី​តថភាព​របស់​មនុស្ស គ្រាន់តែ​យក​រឿង​ខ្មោច​មក​ប្រៀបធៀប ។ ប្រភេទ​រឿង​ប្រៀបធៀប​បែប​នេះ​ខ្ញុំ​ចូលចិត្ត​អាន​ជាង​គេ ព្រោះ​អាច​ឲ្យ​យើង​ដែល​ជា​អ្នក​អាន​បាន​ចូលរួម​គិត​ពិចារណា​​​ជាមួយ​នឹង​អ្នក​​​និពន្ធ និង​មាន​សេរីភាព​ក្នុង​ការប្រៀបធៀប ។ តើ​សាច់រឿង​នោះ​​ប្រៀបធៀប​ដូចម្ដេច ? សូម​អាន​សាច់រឿង​សង្ខេប​ខាង​ក្រោម ។

ដំណើរការ​ចាប់​ផ្ដើម ​និយាយ​អំពី​​ការប្រឡង​និទាន​រឿង​ខ្មោច ដែល​មាន​ទីតាំង​នៅ​គុក​ទួល​ស្លែង ។ មាន​តួអង្គ​ពីរ​នាក់​បាន​ចុះ​ឈ្មោះ​ចូលរួម,  គណៈមេប្រយោគ​ម្នាក់​ក្នុង​ចំណោម​នោះ តម្រូវ​ឲ្យ​អ្នក​ស្ដាប់​ទាំងអស់​ជួយ​ផ្ដល់​ពិន្ទុ ព្រោះ​បេក្ខជន​ម្នាក់​ត្រូវ​ជា​កូន​គណៈកម្មាធិការ បើ​ឲ្យ​មេប្រយោគ​ដាក់​ពិន្ទុ ក្រែង​ថា​មិន​សុក្រឹត ។

បេក្ខជន​ទី​មួយ ដែល​ត្រូវ​ជា​កូន​របស់​គណៈកម្មាធិការ​ឡើង​និទាន​រឿង​របស់​គេ​មុន រឿង​នោះ​និយាយ​អំពី​ទេសចរណ៍​ឋាន​នរក គឺ​ជា​ទេសចរណ៍​ក្នុង​ការយល់សប្ដិ​របស់​គេ ហើយ​ក៏​បញ្ចប់​រឿង​នោះ​ដោយ​គ្មាន​ន័យ ធ្វើ​ឲ្យ​អ្នកស្ដាប់​ខក​ចិត្ត​នឹង​បេក្ខជន​នោះ​យ៉ាង​ខ្លាំង ។

បេក្ខជន​ទី​ពីរ​ឡើង​និយាយ​រឿង ខ្មោច​នាង​ណាត ។ រឿង​នេះ​និយាយ​អំពី​នាង​ណាត​ស្លាប់ និង​ការខ្លាច​ខ្មោច​នាង​ណាត​របស់​បុរស​ម្នាក់​តែ​ប៉ុណ្ណឹង សាច់​រឿង​បន្ត​និយាយ​តែ​អំពី​កូន​របស់​ខ្មោច​នាង​ណា​ប្រកប​ជីវិត​ជា​ធម្មតា ។ បេក្ខជន​នេះ​ក៏​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដូច​គ្នា ព្រោះ​ពួក​គេ​ខំ​ចំណាយ​លុយ​អស់ ២០០០៛ ដើម្បី​ទិញ​សំបុត្រ​ចូល​​ស្ដាប់​រឿង​ខ្មោច តែ​អ្នក​ឡើង​និទាន​នេះ មិន​និទាន​​អំពី​រឿង​ខ្មោច​ឲ្យ​ព្រឺព្រួច​ភ័យ​ខ្លាច​សោះ ។

បេក្ខជន​​​ចុះ​​ឈ្មោះ​ពីរ​នាក់​នេះ​និទាន​ចប់ ​គណៈកម្មាធិការ​ឡើង​ប្រកាស​ក្រែង​មាន​បេក្ខជន​ដទៃ​ទៀត​ចង់​ឡើង​ប្រកួត​ដែរ ។ ពេល​នោះ​គណៈកម្មាធិការ​ស្រី​បាន​ឡើង​​អំពាវនាវ​​លើក​ទឹកចិត្ត​ដល់​ខាង​ស្ត្រីៗ​​បាន​ឡើង​និទាន ព្រោះ​ថា​មាន​តែ​បេក្ខជន​ប្រុសៗ ​និទាន​រឿង​ខ្មោច​មិន​ចំ​រឿង​ខ្មោច ឲ្យ​ខាង​ស្រី​នោះ​ក្លាហាន​ឡើង​និទាន​ម្ដង​មើល៍ ។ គណៈកម្មាធិការ​នោះ​ជក់​និយាយ​រហូត​អ្នក​ស្ដាប់​ធុញ​គ្រប់​គ្នា ក្រោយ​ពី​និយាយ​ចប់ ស្រាប់តែ​មាន​នារី​ម្នាក់​​មិន​ដឹង​មក​ពី​ណា​ឡើង​មក​លើ​វេទិកា ក្នុង​សំលៀកបំពាក់​ពណ៌​ខ្មៅ សក់​កាត់​ស្មើ​កញ្ចឹង​ក ។ គ្រាន់តែ​ឃើញ​ភ្លាម​អ្នក​ស្ដាប់ ទាំង​គណៈកម្មាធិការ​ព្រឺ​រោម​គ្រប់​គ្នា និង​សរសើរ​ថា​នេះ​បាន​ចំ​ជា​អ្នក​និទាន​រឿង​ខ្មោច​មែន ។ នារី​នោះ​ឈ្មោះ ភីន (ខ្ញុំ​សង្ស័យ​ថា​អ្នក​និពន្ធ​យក​ឈ្មោះ​ប្រពន្ធ​ខ្ញុំ) ។

នាង​បាន​និទាន​រឿងរ៉ាវ​របស់​នាង​លំបាក​វេទនា​នៅ​សម័យ​ខ្មែរ​ក្រហម ។ ការនិយាយ​ហ្នឹង​រៀបរាប់​តែ​អំពី​រឿង​ខ្លួនឯង​យ៉ាង​នេះ​យ៉ាង​នោះ មិន​ឃើញ​មាន​រឿង​ខ្មោច​​លង​នៅ​ក្នុង​សាច់រឿង​សោះ រហូត​អ្នក​ស្ដាប់​គ្រប់គ្នា​ទ្រាំ​លែង​បាន ក៏​ស្រែក​កាត់​ការនិទាន​របស់​នាង ។ នាង​ភីន ប្រាប់​ថា នាង​ឡើង​មក​និទាន​រឿង​ខ្មោច ដែល​និទាន​រឿង​របស់​នាង​លំបាក​យ៉ាង​ណា​ខ្លះ​កាល​ជំនាន់​ខ្មែរ​ក្រហម​នោះ ព្រោះ​នាង​ជា​ខ្មោច​ដែល​ដែល​ស្លាប់​ក្នុង​ជំនាន់​នោះ ហ្នឹង​ឯង ។ គ្រាន់តែ​ឮ​ថា​ជា​ខ្មោច​ពិត​ដូច្នេះ អ្នក​ស្ដាប់​ក៏​ភ័យ​រត់​ចែក​ជើង​គ្នា ទាំង​បេក្ខជន​ពីរ​រូប​នោះ​ផង នៅ​សល់​តែ​គណៈកម្មាធិការ​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់ គឺ​តា​ចក់​ដែល​ជា​ឪពុក​របស់​បេក្ខជន​​ប្រុស​ម្នាក់​នោះ​ដែល​នៅ​ចាំ​ហុច​រង្វាន់​ដល់​នាង​ភីន ដែល​ទទួល​បាន​ជយលាភី រួច​ហើយ​ក៏​សន្លប់​នៅ​នឹង​កន្លែង​នោះ​អស់​ទៅ ។

ឃើញ​សាច់រឿង​ប៉ុណ្ណេះ លោក​អ្នក​អាន​អាច​កាត់យល់​បាន​ហើយ​ថា​រឿង​នេះ​​ជា​រឿង​ដែល​អ្នក​និពន្ធ​ចង់​និយាយ​ប្រៀបធៀប​ទៅ​នឹង​ការបោះឆ្នោត​នោះ​ឯង ។

ក្នុង​សៀវភៅ​រឿង “ចង្កៀង​និទាន​រឿង​ខ្មោច​” នោះ មាន​រឿង​ខ្លី​ផ្សេងៗ​ជា​ច្រើន​ទៀត, ក្នុង​នោះ រឿង “ឋានសួគ៌​លោកិយ” ក៏​ជា​រឿង​ល្អ​​ ដែល​បង្ហាញ​អំពី​សច្ចភាព និង​សេចក្ដី​សុខ​របស់​មនុស្សលោក​ពេល​គោរព​ប្រតិបត្តិ​តាម​​ព្រះពុទ្ធសាសនា ។

ជំនឿ សាសនា, ពុទ្ធសាសនា, សាសនា

ពុទ្ធសាសនិក​គួរ​ឈប់​អុជ​ធូប


ជាទូទៅ នៅ​តាម​ផ្ទះ​របស់​ពុទ្ធសាសនិក, នៅ​តាម​ទី​វត្តអារាម ឬ​កន្លែង​សក្ការ​​ផ្សេងៗ គេ​តែងតែ​​ធ្វើ​ការអុជ​​ធូប​សំបូងសង្រូង​សុំ​សេចក្ដី​សុខ, សុំ​ឲ្យ​រកស៊ី​មាន​បាន ឬ​សុំ​ឲ្យ​សម្រេច​កិច្ចការ​ដែល​គេ​ប៉ង​ប្រាថ្នា​អំពី​​​ព្រះ ឬ​ទេព្ដា ឬ​អ្នក​តា ជាដើម ។ បើ​តាម​ពិត​ ការ​អុជ​ធូប​សំបូងសង្រូង​នេះ មិន​មែន​ជា​ការបដិបត្តិ​ត្រឹមត្រូវ​ជា​ពុទ្ធសាសនិក​នោះ​ទេ ។ ព្រះពុទ្ធ​មិន​បាន​បង្គាប់​ឲ្យ​ពុទ្ធសាសនិក​អុជ​ធូប និង​សំបូងសង្រូង​សុំ​ពរ​ពី​ព្រះ ឬ​ទេព្ដា​ណា​ក្រៅ​អំពី​ខ្លួនឯង​ជួយ​ខ្លួន​ឯង​ឡើយ ពីព្រោះ​​ព្រះពុទ្ធ​បាន​រក​ឃើញ​ថា មនុស្ស​យើង​​មិន​មែន​ព្រះ​ឯ​ណា​ជា​អ្នក​បង្កើត​ទេ គឺ​ជា​ធម្មជាតិ និង​កម្ម​របស់​ខ្លួន​ដែល​នាំ​ឲ្យ​កើត, គ្មាន​ទេព្ដា ឬ​ព្រះ​ឯណា​កំណត់​វាសនា​ក្រៅ​អំពី​ខ្លួន និង​កម្ម​របស់​ខ្លួន ហើយ​ក៏​គ្មាន​នរណា​មក​ជួយ​យើង​ក្រៅ​អំពី​ខ្លួន​ឯង​ជួយ​ខ្លួន​​ឯង ។ ដូច្នេះ​ការសំបូងសង្រូង​សុំ​ឲ្យ​ព្រះ​ជួយ​យ៉ាង​ណា​ក៏​ជា​ការ​ឥត​ប្រយោជន៍ ។

ទំនៀម​អុជធូប​សំបូងសង្រូង​នេះ ជា​ការបដិបត្តិ​តាម​​ព្រហ្មញ្ញសាសនា ដែល​ពី​ដំបូង​គេ​ប្រើ​ភ្លើង​ដើម្បី​បូជា​ដល់​​ព្រះ គឺ​បញ្ជូន​គ្រឿង​បូជា​របស់​ពួក​គេ​ទៅ​តាម​ផ្សែង​ភ្លើង ព្រោះ​មាន​តែ​ផ្សែង​ភ្លើង​នេះ​ទេ​ដែល​អាច​​ហោះ​​ហើរ​ទៅ​ដល់​ឋាន​សួគ៌ លុះ​ក្រោយៗ​មក​គេ​​ប្រើ​ត្រឹម​​​ផ្សែង​ធូប​ជា​តំណាង​វិញ​ ។ លុះ​យើង​ត្រឡប់​មក​កាន់​យក​ព្រះពុទ្ធសាសនា​ហើយ ក៏​នៅ​ជាប់​ទំនៀមទម្លាប់​នេះ​រហូត​ដល់​សព្វថ្ងៃ ។

ការអុជធូប​នេះ មិន​មែន​ជា​​ការខុស​ធ្ងន់​ទេ ប៉ុន្តែ​វា​ជា​ការអត់​ប្រយោជន៍​ដែល​យើង​ត្រូវ​ចំណាយ​ថវិកា​ទិញ​ធូប ហើយ​​​អុជ​បង្ហុយ​ផ្សែង​ពេញ​ផ្ទះ ឬ​វត្ត ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ និង​ពេល​ខ្លះ​ក៏​អាច​បង្ក​ឲ្យ​មាន​អគ្គិភ័យ​កើត​ឡើង​​ដោយសារ​ភ្លើង​ធូប​ផង​ក៏​មាន ។ យើង​គួរ​គិត​ថា​​មនុស្ស​យើង​មិន​ចូលចិត្ត​ផ្សែង​ធូប​នេះ​ផង ចុះ​មាន​ព្រះ ឬ​ទេព្ដា​ឯណា​មក​ចូលចិត្ត​ផ្សែង​​ធូប​នេះ បើ​ព្រះពុទ្ធ​ក៏​ជា​មនុស្ស​ដូច​គ្នា​នឹង​យើង​ដែរ ។

ដូច្នេះ​យើង​ជា​ពុទ្ធសាសនិក​ដែល​មាន​បញ្ញា គួរ​សិក្សា​ពុទ្ធោវាទ​​ឲ្យ​បាន​ច្បាស់លាស់ និង​ប្រតិបត្តិ​តាម​ការប្រៀនប្រដៅ​​ឲ្យ​បាន​ទៀងទាត់​ត្រឹមត្រូវ ដោយ​ខំ​បដិបត្តិ​ចិត្ត​ឲ្យ​បរិសុទ្ធ​ជា​ជាង​ការ​លុត​ជង្គង់​បន់ស្រន់​សុំ​ឲ្យ​គេ​ជួយ ។ ​ការបដិបត្តិ​ផ្លូវ​ចិត្ត​ទើប​ជា​ការបដិបត្តិ​តាម​ពុទ្ធោវាទ ។ ចំពោះ​ការបូជា​​​​ព្រះ យើង​អាច​បូជា​ដោយ​​​ផ្កា ឬ​អុជ​ទៀន​បំភ្លឺ​ជា​ដើម ពុំ​ចាំបាច់​ប្រើ​ធូប​ក៏​បាន​ដែរ ។

ទាក់ទង​នឹង​ខ្ញុំ, អប់រំ

ចាប់ផ្ដើម​កាន់​យក​សីល ៥


ពេលនេះ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​​ដើម្បី​សមាទាន​សីល ៥ រួច​ជា​ស្រេច​ហើយ ។ ខ្ញុំ​​ចង់​កាន់​យក​និច្ចសីល​នេះ​ជា​បឋម និង​ឆ្ពោះ​​ទៅ​រក សីល ៨ ជា​បន្ត ។ បំណង​ដែល​ចង់​កាន់​នេះ មាន​យូរ​មក​ហើយ ប៉ុន្តែ​ខ្ញុំ​នៅ​ស្ទាក់ស្ទើរ ព្រោះ​យល់​​ថា​ឋានៈ​ជា​ឃរាវាស​នេះ ត្រូវ​​ប្រកប​ទង្វើ​ផ្សេងៗ​ដើម្បី​ចិញ្ចឹម​ជីវិត​ដោយ​មិន​អាច​វៀរចាក​អំពើ​ហាម​ឃាត់ ៥ ប្រការ​ក្នុង​សីល ៥ នោះ​បាន​ឡើយ ​ម្យ៉ាង​យល់​ថា​ពុំ​ទាន់​ដល់​ពេល​សមគួរ​សម្រាប់​ខ្ញុំ​ ។ លុះ​ក្រោយ​ៗ​មក ខ្ញុំ​បាន​សម្រេច​ចិត្ត​ព្យាយាម​បន្តិច​ម្ដង ដោយ​​ឈប់​ប៉ះពាល់​ជាតិ​សុរា ហើយ​ខ្ញុំ​ក៏​ធ្វើ​បាន​ដោយ​គ្មាន​លំបាក, ជា​បន្ទាប់​ខ្ញុំ​តាំង​ចិត្ត​មាំ​​ថា​មិន​យក​ទ្រព្យ​របស់​គេ​ដោយ​គេ​មិន​បាន​ឲ្យ​ ក៏​មិន​មែន​ជា​ការលំបាក, ការមិន​សម្លាប់​សត្វ​ក៏​ខ្ញុំ​ព្យាយាម​តាំង​ចិត្ត​ធ្វើ​បាន​បន្តិច​ម្ដងៗ, ខ្ញុំ​មិន​ធ្វើ​អំពើ​ខុសឆ្គង​ចំពោះ​ប្រពន្ធ​កូន​អ្នក​ដទៃ និង​ព្យាយាម​មិន​និយាយ​កុហក​ជា​ដើម ។ ការតាំង​ចិត្ត​ជា​រឿយៗ​នេះ ខ្ញុំ​យល់​ថា សមាទាន​សីល ៥ មិន​មែន​ជា​ការលំបាក​ទេ ហើយ​ខ្ញុំ​អាច​ធ្វើ​បាន​ក្នុង​ជីវិត​ជា​ឃរាវាស​នេះ​ដោយ​មិន​ប៉ះពាល់​ដល់​ការប្រកប​របរ​ផ្សេងៗ​ប្រចាំ​ថ្ងៃ​ផង ។ ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ថា​នឹង​ត្រូវ​វៀរចាក​​នូវ​អំពើ​ ៥ ប្រការ​នេះ​ចាប់​ពី​ពេល​នេះ​តទៅ ។

ពាក្យ​សីល​នេះ បើ​និយាយ​ឲ្យ​ខ្លី គឺ​ជា​ទម្លាប់​ ឬ​ជា​ចរិត​ប្រក្រតី​ធម្មតា​របស់​មនុស្ស គឺ​គេ​ធ្វើ​ទម្លាប់​​មួយ​ប្រក្រតី​ទាំង​ថ្ងៃ​ទាំង​យប់​​ខ្លួនឯង​ដោយ​ទៀង​តែ​ម្ដង ។ ចរិត​ប្រក្រតី​របស់​គេ​ដូចជា​​មិន​សម្លាប់​សត្វ មិន​លួច​ប្រពន្ធ​កូន​គេ​ជា​ដើម ។ ការ​​ប្រព្រឹត្ត​​ចរិយា​នេះ​មិន​ថា​នៅ​ចំពោះ​មុខ​គេ ឬ​កំបាំង​មុខ​ពី​គេ​នោះ​ទេ​គេ​តែង​ធ្វើ​ជា​ប្រចាំ បើ​​គេ​ធ្វើ​ខុស​ក្នុង​ពេល​ណា​នោះ មានន័យ​ថា​មនុស្ស​នោះ​អស់​សីល គឺ​អស់​ទម្លាប់​ល្អ ឬ​ប្រកាន់​ទម្លាប់​ល្អ​ពុំ​បាន ។ ដូច្នេះ​លោក​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សុខ ស្រឡាញ់​ចិត្ត​បរិសុទ្ធ គួរ​ចាប់ផ្ដើម​កាន់​យក​សីល​ពី​ពេល​នេះ​តទៅ កុំ​គិត​ចាំ​ដល់​ខ្លួន​ចាស់​ទើប​រក​សីល ព្រោះ​សីល​នេះ​អាច​ប្រព្រឹត្ត​បាន​ មិន​ប្រកាន់​ថា​ចាស់​ឬ​ក្មេង មាន​ក្រ ល្អ​អាក្រក់​ឡើយ ។

អក្សរសាស្ត្រ

យើង​អាន​ពាក្យ សេចក្ដី ពុំ​ត្រឹមត្រូវ


ពាក្យ សេចក្ដី ដែល​មានន័យ ដំណើរ; ហេតុ, ការណ៍; គតិ; លំអាន; ផ្ទៃ​រឿង; គ្វាម​; ដំណើរ​ពាក្យ ដូច្នេះ យើង​​ទម្លាប់​​តែ​អាន​ថា សិច-ក្ដី ជា​យូរ​មក​ហើយ ប៉ុន្តែ​បើ​​តាម​ខ្ញុំ​យល់ គឺ​ត្រូវ​អាន​ថា សាច់-ក្ដី ដូច្នេះ​វិញ ទើប​ត្រឹមត្រូវ ? សំឡេង​អាន​ សាច់-ក្ដី នេះ ខ្ញុំ​ច្រើន​បាន​ឮ​ក្នុង​ចម្រៀង​របស់​លោកតា ស៊ិន ស៊ីសាមុត ប្រហែល​ក្នុង​សម័យ​នោះ គេ​នៅ​អាន ឬ និយាយ​ថា សាច់-ក្ដី នៅ​ឡើយ ក្រោយ​មក ការប្រកប ស-េ-ច នេះ​ក៏​លែង​ចេញ​សំឡេង សាច់ ប៉ុន្តែ​ចេញ​សំឡេង សិច វិញ ? ក្នុង ​វចនានុក្រម​ខ្មែរ​របស់​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ក៏​​បាន​បញ្ជាក់​អំពី​សំឡេង​​អាន​​នេះ​ផង​ដែរ ដែល​បង្គាប់​ឲ្យ​អាន​ថា សាច់-ក្ដី ​ ដូច​គ្នា ។ ដូច្នេះ ខ្ញុំ​ជឿ​ថា ពាក្យ សេចក្ដី នេះ យើង​ត្រូវ​អាន​ថា សាច់-ក្ដី ទើប​ត្រឹមត្រូវ​ ។

កីឡា

លទ្ធផល​បាល់ទាត់​នៅ​ស៊ីហ្គេម ត្រឹម​ថ្ងៃ ៩ វិច្ឆិកា


ថ្ងៃ​ទី ៩ វិច្ឆកា ក្នុង​ពូល A, ម៉ាឡេស៊ី  ជួប ​ថៃ​ក្នុង​លទ្ធផល ២-១, កម្ពុជា​ ជួប សិង្ហបុរី ក្នុង​លទ្ធផល ១-២ ខណៈ ពូល B, ភូមា ជួប ព្រុយណេ លទ្ធផល ៤-០, វៀតណាម ជួប ទីម័រឡេស្តេ លទ្ធផល ២-០

ក្នុង​ការជួប​គ្នា​រវាង កម្ពុជា និង សិង្ហបុរី កម្ពុជា​បាន​នាំ​មុខ ១-០ ក្នុង​តង់​ទី​មួយ ដោយ​កីឡាករ ឈិន ឈឿន ពាក់​ស្លាក​លេខ ៨ នៅ​នាទី ៣៨, ក្នុង​តង់​ទី​ពីរ សិង្ហបុរី រក​បាន​ ២ គ្រាប់​វិញ​ដោយ​កីឡាករ កាម៉ាល នៅ​នាទី ៥៦ និង​កីឡាករ​ឈ្មោះ នេល នៅ​នាទី ៧៤ ដែល​ធ្វើ​ឲ្យ​កម្ពុជា​នៅ​រក្សា​ពិន្ទុ ០ ដដែល​​ក្នុង​ពីរ​ប្រកួត ទន្ទឹម​នឹង​ថៃ​មិន​ទាន់​រក​បាន​ពិន្ទុ​នៅ​ឡើយ​ក្នុង​មួយ​ប្រកួត​របស់​ខ្លួន​ថ្ងៃ​ទី ៩ វិច្ឆិកា នេះ ។ ខាង​ក្រោម​ជា​លទ្ធផល​ពិន្ទុ​​គិត​ត្រឹម​ថ្ងៃ​ទី ៩ វិច្ឆកា ។

ពូល A

ក្រុម Pld W D L GF GA GD Pts
 ម៉ាឡេស៊ី +១
 សិង្ហបុរី +១
 ឥណ្ឌូនេស៊ី +៦
 ថៃ −០
 កម្ពុជា −៧

ពូល B

ក្រុម Pld W D L GF GA GD Pts
 ភូមា +៥
 វៀតណាម +៤
 ទីម័រឡេស្តេ
 លាវ −១
 ព្រុយណេ −៥
 ហ្វីលីព្ពីន −៣

មើល​វីដេអូ​សង្ខេប​​​ការប្រកួត

អត្ថបទ​ផ្សេង​ទៀត៖

  1. លទ្ធផល​បាល់ទាត់​​នៅ​ស៊ីហ្គេមស៍ ២០១១ មក​ដល់​ថ្ងៃ​ទី ៧ វិច្ឆិកា
  2. ប្រវត្តិ​បាល់ទាត់​កម្ពុជា​នៅ ស៊ីហ្គេម
កីឡា

លទ្ធផល​បាល់ទាត់​​នៅ​ស៊ីហ្គេមស៍ ២០១១ មក​ដល់​ថ្ងៃ​ទី ៧ វិច្ឆិកា


ថ្ងៃទី ៧ វិច្ឆិកា ម៉ោង ៧,០០ ល្ងាច ​កម្ពុជា​ចាប់ផ្ដើម​ទាត់​ជាមួយ ឥណ្ឌូនេស៊ី ដែល​ជា​ម្ចាស់​ផ្ទះ​ ។ ឥណ្ឌូនេស៊ី ឈ្នះ​​កម្ពុជា ៦-០ ខណៈ ឡាវ និង ព្រុយណេ ២-២ ។ ការប្រកួត​វេលា​ម៉ោង ៤ ក្នុង​ថ្ងៃ​នេះ​ដែរ ទីម័រឡេស្តេ ឈ្នះ​ហ្វីលីព្ពីន ២-១ និង សិង្ហបុរី ស្មើ​នឹង​ម៉ាឡេស៊ី ០-០ ។

ចំពោះ​ការប្រកួត​កាល​ពី​ថ្ងៃ​ទី ៣ វិច្ឆិកា វៀតណាម ឈ្នះ​​ហ្វីលីព្ពីន ៣-១, ភូមា ឈ្នះ​ឡាវ ៣-២ ។ ការប្រកួត​ថ្ងៃ​ទី ៥ វិច្ឆិកា ទីម័រ​ឡេស្តេ ឈ្នះ ព្រុយណេ ២-១, ភូមា ស្មើ​​ជាមួយ​វៀតណាម ក្នុង​លទ្ធផល ០-០ ។

ចំណែក​ពិន្ទុ​វិញ មក​ដល់​ថ្ងៃ​ទី ៧, ទីម័រឡេស្តេ បាន​ពិន្ទុ​ខ្ពស់​ជាង​គេ គឺ បន្ត​អាន “លទ្ធផល​បាល់ទាត់​​នៅ​ស៊ីហ្គេមស៍ ២០១១ មក​ដល់​ថ្ងៃ​ទី ៧ វិច្ឆិកា”